តុលាការកាត់ទោសមេដឹកនាំសហជីព៦នាក់ ពាក់ព័ន្ធរឿងហិង្សានៅផ្លូវវេងស្រេង ក្រោយបោះឆ្នោតជាតិ២០១៣

(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសប្រធានសហជីពចំនួន៦នាក់ ដែលបានដឹកនាំបាតុកម្មហិង្សា នៅផ្លូវវេងស្រេង កាលពីអំឡុងចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥។

ជនជាប់ចោទ ជាមេដឹកនាំសហជីពកម្មករ ទាំង០៦នាក់ រួមមានលោក អាត់ ធន់, អ្នកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ។

ទោះជាយ៉ាងណា សវនាការនៅព្រឹកនេះ មិនមានវត្តមានជនជាប់ចោទឡើយ ពោលគឺមានតែមេធាវីការពារសិទ្ធិ មកជំនួសតែប៉ុណ្ណោះ។

លោក លី សុផាណា ជាតំណាងអយ្យការបានប្តឹងចោទប្រកាន់ លើជនជាប់ចោទទាំង០៦នាក់ ចំនួន ០៤បទល្មើស គឺបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ និងបទប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តិនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ យោងតាមមាត្រា២១៨ មាត្រា៤១១ មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមរំលឹកថា ហេតុការណ៍បាតុកម្មរបស់កម្មករ កាត់ដេរ កាលណោះ នាំឲ្យមានការវាយកទ្រព្យសម្បត្តិរោងចក្រ មន្ទីរពេទ្យឯកជន ដែលឈានដល់ការបាញ់បង្ក្រាបពីកងកម្លាំងសមត្ថកិច្ចបណ្តាលឲ្យកម្មករកាត់ដេរមួយចំនួនស្លាប់ និងរបួសជាច្រើននាក់។

យ៉ាងណាក៏ដោយ ភ្លាមៗនោះមានកម្មករកាត់ដេរ ជាច្រើននាក់ ដែលបានចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ ដែលក្រោយមកក្លាយជាកុប្បកម្ម វាយយកទ្រព្យសម្បត្តិរោងចក្រ និងមន្ទីរពេទ្យឯកជន ហើយបិទផ្លូវជាដើមនោះ ត្រូវបានចាប់ឃុំខ្លួននាំទៅកាត់ទោស ហើយក្រោយមកត្រូវបានដោះលែងវិញ។

បាតុកម្មរបស់កម្មករកាត់ដេរ ដែលក្រោយមកក្លាយជាកុប្បកម្ម នៅផ្លូវវេងស្រេង កាលណោះបានកើតឡើង ដំណាលគ្នា នឹងព្រឹត្តិការណ៍បាតុកម្ម និងការបង្ក្រាប នៅរោងចក្រយ៉ាកជីងនៅកំបូល ដែលដឹកនាំដោយលោក វ៉ន ពៅ ដោយមានការវាយរូបលោក និងចាប់ឃុំខ្លួន ព្រមទាំងសកម្មជនមួយចំនួននាំ ទៅកាត់ទោសផងដែរ។ 

ហេតុការណ៍បាតុកម្ម និងការបង្ក្រាបនោះ ក៏បានកើតឡើងស្របពេលដែល អតីតគណបក្សសង្គ្រោះជាតិ បានដេក ធ្វើបាតុកម្មតវ៉ានឹងលទ្ធផលបោះឆ្នោត នៅទីលានប្រជាធិបតេយ្យរាប់ខែមុននឹងអាជ្ញាធរសមត្ថកិច្ច រៀបចំសណ្តាប់ធ្នាប់ ហើយឈានដល់ការចរចាត្រូវរ៉ូវខាងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំសហជីពកម្មករកាត់ដេរទាំង៦រូប ដែលរងការចោទប្រកាន់ខាងលើនេះមិនត្រូវបានចាប់ឃុំខ្លួននោះទេ។ 

មួយវិញទៀត គម្រោងបើកសវនាការជំនុំជម្រះ លើ សំណុំរឿងមេដឹកនាំសហជីពកម្មករកាត់ដេរ នៅពេលនេះ បានធ្វើឡើង ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធត្រូវសហការបញ្ចប់សំណុំរឿងប្តឹងផ្តល់លើមេដឹកនាំសហជីពកម្មករ និងកម្មករកាត់ដេរ។

ពាក់ព័ន្ធបណ្តឹងលើមេដឹកនាំសហជីព និងកម្មករកាត់ដេរនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជូនដំណឹងដល់សហជីពកម្មករទាំងអស់ ត្រូវបញ្ជូនឯកសារនៃសំណុំរឿងរបស់ខ្លួន មកកាន់ក្រសួងការងារឲ្យបានមុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីក្រសួងសហការ ជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំបញ្ចប់សំណុំរឿងប្តឹងផ្តល់នៅតុលាការ៕ (SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង