ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៨

១-​តុលាការ សាលាឧទ្ធរណ៍ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា​៖
​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ត្រូវបាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដឹក​ពី​ពន្ធនាគារ ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ នៅ​តុលាការ​សាលាឧទ្ធរណ៍​។ ក្នុង​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក កឹម សុខា បាន​ស្នើសុំ​ចៅក្រម សម្រេច​ឲ្យ​លោក បាន​នៅក្រៅ​ជា​បណ្ដោះអាសន្ន​។​

​ប៉ុន្តែ​បន្ទាប់ពី​ដំណើរការ​សវនាការ​សួរដេញដោល​អស់​ពេញ​មួយ​ព្រឹក ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​បដិសេធ​បណ្ដឹង​នេះ ហើយ​លោក កឹម សុខា ត្រូវបាន​គេ​បញ្ជូន យកទៅ​ឃុំឃាំង​បន្ត នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម ជាទី​ដែល​លោក បាន​ជាប់​ឃុំឃាំង ក្រោយពី​ការចាប់ខ្លួន កាលពី​កណ្តាល​អា​ធ្រា​ត្រ ថ្ងៃទី​២ ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។

២-​គណៈរដ្ឋមន្ត្រី អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​៖
​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុនសែន បានអនុម័ត​ទាំងស្រុង​ដោយ​គ្មាន​ការកែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។ ការកែប្រែ​ច្បាប់កំពូល​នេះ ជាការ​បើកផ្លូវ អោយមាន​ការដាក់ទោស ទៅលើ​ជន​ទាំងឡាយណា ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ ដោយ​ត្រូវ​ជាប់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ដល់ ៥០​លាន​រៀល​។ ក្រៅពីនោះ ក៏មាន​ការ​បំ​ព្រួយ​សមាសភាព​គណៈរដ្ឋមន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​កាត់ចេញ​នូវ​តំណែង​រដ្ឋលេខាធិការ នៅតាម​ក្រសួង​នានា និង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ផងដែរ​។ ពោលគឺ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី នៅ​អាណត្តិ​ទី​៦ មានតែ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​។

៣-​ជនជាប់ចោទ ដែល​បាញ់សម្លាប់​អ្នក​អភិរក្ស​ព្រៃឈើ នៅ​មណ្ឌល​គី​រី ត្រូវ​តុលាការ​ឃុំខ្លួន​៖
កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ នៃ​តុលាការ សាលាដំបូង ខេត្ត​មណ្ឌល​គី​រី បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ ០៦​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់សម្លាប់​អ្នកការពារ​ព្រៃឈើ ៣​នាក់ ជា​ប៉េអឹម មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ​បរិស្ថាន នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​។ ការសម្រេច​នេះ គឺ​បន្ទាប់ពី​ចៅក្រម បានបញ្ចប់​ការសាកសួរ​ជនសង្ស័យ​ទាំង ០៦​នាក់​ក្រោយ​ពេលដែល​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត បាន​ចោទប្រកាន់​ឈ្មោះ ផល ពេញ ជា​ប្រធាន​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ដែលជា​ជនដៃដល់ ពីបទ “​មនុស្សឃាត​គិតទុក​ជាមុន​” និង​ជន​ពាក់ព័ន្ធ ០៥​នាក់​ទៀត ត្រូវបាន​ចោទ​ពីបទ “​សមគំនិត ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​” និង​ពីបទ “​សម្រួល​ឲ្យ​កើតមាន​អំពើ​មនុស្សឃាត​គិតទុក​ជាមុន​ជាអាទិ៍​”​។ ភ្លាមៗ ជនជាប់ចោទ​ទាំង ០៦​នាក់ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ ដើម្បី​រង់ចាំ​តុលាការ បន្ត​នីតិវិធី បើក​ការស៊ើបអង្កេត និង​បើកសវនាការ​ជំនុំជម្រះ​ទោស​។​

៤-​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ​៖
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្តេច​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ១​ម៉ឺន ៥​ពាន់​នាក់ មកពី​រោងចក្រ ៧ ក្នុង​តំបន់​កប់​ស្រូវ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​ជំរុញ​អោយ​ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ បើក​ការស្រាវជ្រាវ​អង្កេត តាមដាន និង​ដោះស្រាយ​ករណី​ដួលសន្លប់​របស់​កម្មករ​កម្មការិនី ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង អោយបាន​ម៉ត់ចត់ ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ឆាប់ៗ​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ករណី​ដួលសន្លប់ មានការ​កើនឡើង​ច្រើន​នៅ​កម្ពុជា ដែល​បាន​កើតមាន​មិន​ត្រឹមតែ​កម្មករ​កម្មការិនី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កើត​លើ​សិស្ស នៅតាម​សាលារៀន​ថែម​ទៀតផង​។

៥-​គណៈកម្មការ​ស្រាវជ្រាវ​មូលហេតុ​កម្មករ​កាត់ដេរ ដួលសន្លប់ ត្រូវបាន​បង្កើតឡើង ក្រោយ​បញ្ជា​របស់ នាយករដ្ឋមន្ត្រី​៖
​ក្រោយពី​មាន​បញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ផ្នែក​ពាក់ព័ន្ធ សិក្សា​អំពី​ករណី​ដួលសន្លប់​របស់​កម្មករ​រួចមក គណ​:​កម្ម​ការ​ចម្រុះ​មួយ ត្រូវបាន​បង្កើតឡើង ដោយមាន​ការចូលរួម​ពី​ក្រសួង​ការងារ ក្រសួងសុខាភិបាល និង​អង្គការ​សុខ​ភា​ពិភពលោក​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ​ថា ក្រសួងសុខាភិបាល បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​មួយ ដឹកនាំ​ដោយ​លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដោយ​សហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​ច្បាស់លាស់ ដែលនាំឱ្យ​កម្មករ​កម្មការិនី ដួលសន្លប់​ញឹកញាប់ ពិសេស​នៅតាម​រោងចក្រ​កាត់ដេរ​។

៦-​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ មាន​ទុនវិនិយោគ​ជាង ២៦០ លាន​ដុល្លារ ត្រូវបាន​បើកសម្ពោធ​៖
​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​បាន​អញ្ជើញ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ក្នុងស្រុក​ដ៏​ធំ​មួយ ដែលមាន​ទុនវិនិយោគ​ប្រមាណ​ជាង ២៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​នេះ មាន​ទីតាំងនៅ​ស្រុក​ទូក​មាស ខេត្តកំពត​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​វាយតម្លៃថា នេះ​ជា​សមិទ្ធផល​ថ្មី ដែល​កើតចេញពី​ផ្លែផ្កា​នៃ​សុខសន្តិភាព និង​ភាព​រឹង​នាំ​នៃ​សេដ្ឋកិច្ចកម្ពុជា ដែលមាន​កំណើន​ល្អប្រសើរ​ក្នុង​កម្រិត​ជាង ៧​ភាគរយ ជា​រៀងរាល់ឆ្នាំ​។ ដំណើរការ​នៃ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ក្នុងស្រុក​មួយ​នេះ បានផ្តល់​ឱកាស​ការងា​រ​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ៤០០​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​បន្ថែមទៀត​។

៧-​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ទៅ​ស្រុក​ក្រូចឆ្មារ ចំណាយ​ថវិកា​ជាង ៥៦ លាន​ដុល្លារ​អាមេរិក បើក​ការដ្ឋាន​សាងសង់​៖
​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ “​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​” ជា​សមិទ្ធផល​ថ្មី ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​សម្ពោធ បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ស្ពាន​ថ្មី​នេះ នឹងត្រូវ​ចំណាយពេល​សាងសង់​រយៈពេល ៤២ ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២១ ខាងមុខ ដោយ​ចំណាយ​ប្រមាណ​ជាង ៥៦ លាន​ដុល្លារ​អាមេរិក ក្រោម​ហិ​រ​ញ្ញាប្ប​ទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ។​

៨-​សម្តេច ហ៊ុន សែន ប្រកាស​ប្រើប្រាស់​វិធានការ​ក្តៅ ទប់ស្កាត់​ការ​ចរាចរណ៍​រថយន្ត​ត​ទ្រុង​៖
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រើប្រាស់​វិធាន​ក្តៅ ដោយ​កំណត់​កាលបរិច្ឆេទ រាប់​ចាប់ពី​ម៉ោង ០០ យប់​ថ្ងៃទី​១០ ខែកុម្ភៈ​តទៅ គឺ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស បើកបរ​លើ​ដងផ្លូវ​តទៅទៀត​ឡើយ​។
​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី រថយន្ត​ត​ទ្រុង និង​រថយន្ត​ដឹក​លើស​ចំណុះ ជាដើម ជា​កត្តា​សំខាន់ ដែល​ធ្វើអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​បណ្តាលអោយមាន​មនុស្ស​ស្លាប់​កើនឡើង ខូចខាត​ដល់​ផ្លូវ ស្ពាន ដែល​រាជរដ្ឋាភិបាល​ខិតខំ​សាងសង់​យ៉ាង​លំបាក​។​ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ដកតំណែង​ចៅហ្វាយខេត្ត​រាជធានី​ណា ដែល​នៅតែ​បណ្តោយ​ឲ្យ​មាន​ឡាន​ត​ទ្រុង​ខុស​បច្ចេកទេស ចរាចរណ៍​លើផ្លូវ​តទៅទៀត​។

៩-​តុលាការ​កំពូល សម្រេច​តម្កល់​បណ្តឹងសាទុក្ខ​លោក អ៊ុំ សំអាន ដដែល​៖
​កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ចៅក្រម​តុលាការ​កំពូល បាន​ច្រានចោល​បណ្តឹងសាទុក្ខ​រប​ស់លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ចាត់ទុកជា​បានការ​ដ​ដែល​។ ការសម្រេច​នេះ ធ្វើឡើង បន្ទាប់ពី​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ បាន​បើកសវនាកា​លើ​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់លោក អ៊ុំ សំអាន ប្រឆាំងនឹង​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ដែល​បាន​កាត់ទោស​ឲ្យ​អតីតមន្ត្រី​បក្សប្រឆាំង​រូបនេះ ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ​។ អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ឃុំខ្លួន ក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ពេល​លោក​វិលត្រឡប់ មកពី​សហរដ្ឋអាមេរិក​។

១០-​សម្ត​ច ហ៊ុន សែន ដាស់តឿន​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ រួមគ្នា​គិតគូរ​ពី​គុណភាព​អប់រំ ជៀសវាង ចេញ​តែ​សញ្ញាបត្រ​៖
​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​កម្រិត​ឧ​ត្ត​ម​នៃ​សាកលវិទ្យាល័យ វេស​ស្ទើ​ន​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ បាន​ដាស់តឿន​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​ទាំងអស់ នៅ​កម្ពុជា រួមគ្នា​គិតគូរ​ពី​គុណភាព​អប់រំ ដោយ​មិនត្រូវ​គិតតែ​ចេញ​សញ្ញាបត្រ អោយដល់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​នោះទេ​។
​ការលើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី​នេះ ស្រប​ពេលដែល​និស្សិត​កម្ពុជា ក្នុង​មួយឆ្នាំៗ មាន​កំណើន​កាន់តែ​ខ្ពស់ គួរអោយកត់សំគាល់ ក្នុងការ​បញ្ចប់​ការសិក្សា​កម្រិត​ឧ​ត្ត​ម​។

១១-​សេចក្ដីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ ត្រូវ​រដ្ឋសភា បោះឆ្នោត អនុម័ត​៖
​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ រដ្ឋសភា បាន​ប្រជុំ បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្ដីព្រាងច្បាប់ ស្តីពី វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ក្រមព្រហ្មទណ្ឌ​។ សម្ដេច ស ខេង និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺជា​អ្នក​ឡើង​ការពារ​ច្បាប់​ទាំងនេះ មុនពេល​សមាជិក​រដ្ឋ​សភា ដែល​សម្តេច​តេ​ជោ ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ប្រជុំ បាន​លើកដៃ បោះឆ្នោត​គាំទ្រ​។

១២-​សម្តេច ហ៊ុន សែន ជូនពរ​អ្នក​ជាប់សែស្រឡាយ​ចិន មាន​សេចក្តីសុខ សុភមង្គល មាន​លាភ​សំណាង​លុយកាក់​ហូរ ក្នុងឱកាស​ចូលឆ្នាំ​ចិន​៖
​កាលពី​ថ្ងៃទី​១៥​កុម្ភៈ ឆ្នាំ​២០១៨ ជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​តាមរយៈ Facebook ផ្លូវការ​របស់​សម្តេច ដោយ​ជូនពរ​ដល់​ជនរួមជាតិ និង​បងប្អូន​ខ្មែរ​ជាប់សែស្រឡាយ​ចិន សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​។ ក្នុងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន និង​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​កម្សាន្ត​តាម​ទីជិត​ឆ្ងាយ សូម​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​សុខ​សុវត្ថិភាព​គ្រប់​ក្រុមគ្រួសារ​។

១៣-​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ជំងឺផ្តាសាយបក្សី កើតឡើង នៅ​ភូមិ​មួយ ក្នុង​ខេត្តព្រៃវែង​៖
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បានប្រកាសថា ជំងឺ​ផ្តាសា​យក្សី (H5N1) បានកើត​ឡើង នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ដំណឹង​នៃ​ការកើតឡើង​ជំងឺផ្តាសាយបក្សី ដែល​បានធ្វើ​ឲ្យ​មាន់​ទា​ងាប់​នេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​មួយថ្ងៃ មុន​ពិធី​សែន​បុណ្យចូលឆ្នាំ​ចិន ដែល​សត្វ​មាន់ និង​សត្វ​ទា ត្រូវគេ​យកមក​សែន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នា​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺផ្តាសាយបក្សី ត្រូវបាន​រដ្ឋមន្ត្រី ដាក់ចេញ​ភ្លាមៗ ហើយក៏​មិនបាន​ករណី​ឆ្លង​ពីស​ត្វ មក​មនុស្ស​ឡើយ​។​

១៤-​ថ្ងៃ​ចូលឆ្នាំ​ចិន ប៉េអឹម​បង្ក្រាប​ករណី​ចាប់ជំរិត​ឆ្លងដែន តាម​ប្រព័ន្ធ Internet នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ចិន ថៃ និង​ខ្មែរ ៣៦ នាក់​៖
​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ប៉េអឹម​បាន​បង្ក្រាប​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet នៅ​ពីរ​គោលដៅ គឺ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ឃាត់​បាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ ចិន និង​ខ្មែរ សរុប​ចំនួន ៣៦ នាក់​។ ប្រតិបត្តិការ​នេះ មានការ​ចូលរួម​សហកា​រ​ពី​ប៉ូលិស​ថៃ ដោយសារតែ​ជនសង្ស័យ​ទាំងនោះ បាន​យក​ទឹកដី​កម្ពុជា ធ្វើជា​ទីតាំង ហើយ​ចាប់ជំរិត គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ នៅ​ប្រទេស​ថៃ​។​

១៥-​រាជរដ្ឋាភិបាល កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​នៃ​ការចងចាំ ដែលជា​ថ្ងៃ​បុណ្យជាតិ ត្រូវ​ឈប់សម្រាក​៖
​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុនសែន ដែល​បានចេញ​អនុក្រឹត្យ កំណត់​យក​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ ជា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ដែលជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ នៅ​ម្ពុ​ជា​។ ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ក៏ត្រូវ​បានកំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បានកើត​មាននៅ​ក្នុង​រប​ប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​។​

១៦-​សម្តេច ហ៊ុន សែន បញ្ជា​អោយ​រដ្ឋមន្ត្រីក្រសួង​ការងារ ដោះស្រាយ​ជាបន្ទាន់ ករណី​ថៅកែ បិទ​រោងចក្រ រត់ចោល​កម្មករ​៖
​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២១​កុម្ភៈ ឆ្នាំ​២០១៨ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នៅ​តំបន់​ទឹកថ្លា ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ជា​អោយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ តាមដាន ដោះស្រាយ​ជាបន្ទាន់ ករណី​ថៅកែ​បិទ​រោងចក្រ រត់ចោល​កម្មករ​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ទោះជា​ត្រូវ​ប្រើប្រាស់​ថវិកាជាតិ ក៏ត្រូវ​ដោះស្រាយ​សិន​ដែរ ដើម្បី​ធានា​ធ្វើអោយ​ប្រាកដថា កម្មករ​កម្មការិនី នឹងមិន​បាត់បង​ផលប្រយោជន៍​នោះឡើយ ពី​ទង្វើ​ខ្វះ​ការទទួល​ខុស​របស់​ថៅកែ​។​

១៧-​សម្តេច ហ៊ុនសែន ថា សហគមន៍​អន្តរជាតិ មិនអាច​ដាក់​ការគាបសង្កត់​ណាមួយ មក​លើក​កម្ពុជា បានទេ​៖
​ក្នុងឱកាស​សម្តេចនាយក​រដ្ឋមន្ត្រី ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​កាត់ដេ​រ កាលពី​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ ទៅនឹង​ការលើក​ឡើងជា​បន្តបន្ទាប់​ពី​មតិ​មួយចំនួន ដែលថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រង​ការគាបសង្កត់​ពី​សហគមន៍​អន្តរជាតិ ដូចជា អង្គការ​សហ​ប្រជា​តិ ជាដើម​។ ប៉ុន្តែ​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ច្រានចោល​នូវ​ការលើកឡើង​នេះ​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា សហគមន៍​អន្តរជាតិ តាំងពីដើម រហូតដល់​ពេលបច្ចុប្បន្ន រមែងតែងតែ​ធ្វើការ​ដោយ​ស្មើមុខស្មើមាត់ ស្មើ​សិទ្ធិ និង​គោរព​អ​ធិ​បេ​តេ​យ្យ​ភាព​របស់​កម្ពុជា​ជានិច្ច​។ ក្នុងនោះ នៅពេល​វត្តមាន​របស់​សម្តេច នៅ​ប្រទេស​អូស្ត្រាលី នា​ពាក់កណ្តាល​ខែមីនា​ខាងមុខនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ក៏​អូស្ត្រាលី ឬក៏​បាតុករ មិនអាច​ដាក់​ការគាបសង្កត់​អ្វី​លើស​ម្តេច​បានឡើយ​។​

១៨-​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បន្ថែម​ទោស​លើ​ការប្រមាថ​ព្រះមហាក្សត្រ ត្រូវបាន​ព្រឹទ្ធសភា អនុម័ត​ហើយ​៖
​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បន្ថែម​ទោស លើ​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ រួមទាំង​សេចក្តីព្រាងច្បាប់ ២​ទៀត បាន​ឆ្លង​ផុត​ស្ថាប័នព្រឹទ្ធសភា​ហើយ បន្ទាប់​ត្រូវបាន​អនុម័ត​ទាំងស្រុង ដោយ​ឥត​កែប្រែ នៅក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​ពេញអង្គ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​។ រាល់​ការអនុម័ត​ច្បាប់​ទាំង​៤ មាន​សំឡេង​លើកដៃ​អនុម័ត​ចំនួន ៤៥​សំឡេង លើ​សមាជិក​ចូលរួម​សរុប​ចំនួន ៥២​រូប បន្ទាប់ពី​បាន​ស្ដាប់​ការការពារ​ពី​តំណាង​រាជរដ្ឋាភិបាល​។ ដោយឡែក សមាជិក​ព្រឹទ្ធសភា មក​គណបក្ស​សមរង្ស៊ី មិនបាន​លើកដៃ​អនុម័ត​នោះទេ​។

១៩-​ជប៉ុន​ផ្ដល់​ហិប​ឆ្នោត​ទំនើប ជូន​កម្ពុជា ក្នុង​កញ្ចប់​ជំនួយ​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ​៖
​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា ផ្ដល់ជំនួយ​គិត​ជា​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ​អាមេរិក ជូន​កម្ពុជា​។ ជំនួយ​នេះ បាន​ផ្ដោតជាសំខាន់​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ក្នុងនោះ​ជប៉ុន បានផ្ដល់​ហិប​ឆ្នោត​ទំនើប​ជាង ១​ម៉ឺន​ហិប រួម​នឹង​សម្ភារៈ​បំរើ​ឲ្យ​ការបោះឆ្នោត​ជាច្រើន​ទៀត​។ ពិធី​ចុះហត្ថលេខា​ផ្ដល់ជំនួយ ត្រូវបាន​ធ្វើឡើង នៅ​ក្រសួងការបរទេស​កម្ពុ​ជា រវាង​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​។

២០-​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន​៖
​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ បាន​យាង​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​គង់ប្រថាប់ ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​មួយរយៈ​នៅ​ទីនោះ​។ ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន សម្តេច​ហេង​សំរិន សម្តេច​សាយឈុំ និង​សម្តេច​សខេង ព្រមទាំង​ឥស្សរជន​កំពូលៗ​ជាច្រើន​ទៀត បាន​អញ្ជើញ​ជូន​ព្រះរាជដំណើរ​ព្រះអង្គ ឡើង​ព្រះទីនាំង​យន្តហោះ​ពិសេស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

២១-​សម្តេច ហ៊ុន សែន ដាស់តឿន​ជាថ្មី​ដល់​មន្ត្រីរាជការ ត្រូវតែ​អនុវត្តន៍​ច្បាប់ ដោយ​មិន​រង់ចាំតែ​បទបញ្ជា​នោះទេ​៖
​កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និសីទ​ជាតិ ស្តីពី កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ស្តីពី មេរៀន​បទពិសោធន៍ បញ្ហា​ប្រឈម និង​ចក្ខុវិស័យ​នៅ​អនាគត​។ ក្នុង​ពិធី ដែលមាន​អ្នកចូលរួម ជា​រដ្ឋមន្ដ្រី ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ប្រធាន​ក្រុមប្រឹក្សា អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មេឃុំ ចៅសង្កាត់​សរុប​ជាង ២៧០០​នាក់ នៅ​សាល​មហោស្រព កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុនសែន បាន​ដាស់តឿន​ជាថ្មី​ដល់​មន្ត្រីរាជការ ត្រូវតែ​អនុវត្តន៍​ច្បាប់ អោយមាន​ប្រសិទ្ធភាព ដោយ​មិនត្រូវ​រង់ចាំតែ​បទបញ្ជា​ពីស​ម្តេច​នោះទេ​។

២២-​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ ជំ​រុញអោយ​ទប់ស្កាត់​ការរំលោភ​យក​ទ្រព្យសម្បត្តិ​រដ្ឋ នៅក្នុង​ក្រសួង ធ្វើជា​របស់​ឯកជន​៖
​សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​ភស្តុភារ និង​ហិរញ្ញវត្ថុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ សម្តេច​បាន​ជំរុញ​អោយ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ អោយបាន​ត្រឹមត្រូវ ច្បាស់លាស់ ជៀសវាង​បណ្តាលអោយមាន​ភាព​រាយ​ប៉ាយ ដែល​អាច​បង្កអោយមាន​ការ​ឆក់យក​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើជា​របស់​ឯកជន​។ ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការ​ឆក់យក​ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើជា​របស់​ឯកជន អាច​ធ្វើអោយប៉ះពាល់ និង​បាត់បង់​ធនធាន​ថវិកា​របស់​ជាតិ​។

២៣-​ការបោះឆ្នោត​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥​កុម្ភៈ គ្មាន​បញ្ហា​ចោទ​ឡើយ​៖
​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ បានធ្វើ​ឡើង កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយមាន ៤​គណបក្ស​ចូលរួម​ប្រកួតប្រជែង យក​អាសនៈ​ព្រឹទ្ធសភា ៥៨ អាសនៈ​។ ព្រឹទ្ធសភា នីតិកាល​ទី​៤ ចាប់​ឆ្នាំ​២០១៨-២០២៤ មាន​អាសនៈ​សរុប ៦២ អាសនៈ ក្នុងនោះ ៥៨​អាសនៈ បោះឆ្នោត​អសកល ដោយ​មានតែ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​អ្នកបោះឆ្នោត រីឯ ២​អាសនៈ ជ្រើសតាំង​ដោយ​រដ្ឋសភា និង ២​អាសនៈ តែង​តាំងពី​ព្រះមហាក្សត្រ​។ ក្រោយ​ការបោះឆ្នោត ១​ថ្ងៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានប្រកាស​ភ្លាមៗ​ថា ការបោះឆ្នោត​ព្រឹទ្ធសភា ដែលមាន ៤​គណបក្ស​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា បានបញ្ចប់​ប្រកបដោយ​ភាពជោគជ័យ​។ ក្រោយ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ លទ្ធផល​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​ទាំងអស់ គឺ​ទាំង ៥៨ អាសនៈ នៅ​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ​។

២៤-​ចិន​ប្រគល់​ជំនួយសម្ភារៈ និង​ឧបករណ៍​ពេទ្យ​ចំនួន ២០​មុខ ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​៖
​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ សម្ភារៈ និង​ឧបករណ៍​បម្រើអោយ​វិស័យ​សុខាភិបាល ចំនួន ២០​មុខ ជា​ជំនួយ​របស់​ក្រសួង​ការពារ​ប្រទេស​ចិន ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ ព្រះ​កេតុមាលា ឬ​មន្ទីរ​ទាហាន នៅ​ជិត​វត្តភ្នំ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ចាត់ទុកថា សម្ភារៈ និង​ឧបករណ៍ បម្រើអោយ​វិស័យ​សុខាភិបាល ដែល​ផ្ត​ល់ពី​សំណាក់​មិត្ត​ចិន​នេះ ជា​សម្ភារៈ​ទំនើប​អាច​បង្កើន​ប្រសិទ្ធភាព​ព្យាបាល និង​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល កាន់តែ​ល្អប្រសើរ​ដើរ​ទាន់​សម័យកាល​បច្ចុប្បន្ន​។

២៥-​កូរ៉េ​សន្យា​ជួយ​គម្រោង​ធំៗ ៣ នៅ​កម្ពុជា និង​ស្នើ​កម្ពុជា​ជួយ​គាំទ្រ​កិច្ចប្រជុំ​កំពូល​ជាមួយ​អាស៊ាន​៖
​អនុរដ្ឋមន្ត្រី​ក្រសួង​កាបរទេស​កូរ៉េ ទទួលបន្ទុក​កិច្ចការ​នយោបាយ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្នុង​កិច្ចប្រជុំ នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បាន​សន្យា​ជួ​យក​ម្បុ​ជា​លើ​គម្រោង​ធំៗ​ចំនួន ៣ រួមមាន​៖ ការបន្ត​គម្រោង​សាងសង់​អគារ ៤២​ជាន់ បង្ហើយ​គម្រោង​សាងសង់​បុរី​កាំ​ខូ​ស៊ី​ធី និង​គម្រោង​សាងសង់​ស្ពាន​ភ្ជាប់​ពី​ជ្រោយចង្វារ ទៅកាន់​តំបន់​អរិយ​ក្សត្រ​។

២៦-​តុលាការ ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី បណ្តោះអាសន្ន​៖
​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ចៅក្រម​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញ​សេចក្តីសម្រេច រឹបអូស​ជា​បណ្តោះអាសន្ន​នូវ​ទ្រព្យសម្បត្តិ​របស់លោក សម រង្ស៊ី ដូចជា ដី និង​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​រឹបអូស​នេះ គឺ​ដោយសារ​លោក សម រង្ស៊ី ចាញ់ក្តី​សម្តេច ហ៊ុន សែន និង​សម្តេច ហេង សំរិន ក្នុង​ពាក្យបណ្តឹង​បរិហារកេរ្តិ៍ ហើយ​ដែល​តុលាការ តម្រូវ​ឲ្យ​ចុងចោទ គឺ​លោក​សមរង្ស៊ី សងជំងឺចិត្ត​សរុប ៤២៥០ លាន​រៀល ស្មើ​ប្រមាណ ១ លាន ៦​សែន​ដុល្លារ ជូន​ដើមបណ្តឹង គឺ​សម្តេច​ទាំងពីរ​។

២៧-​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ប្រាក់​បុរេប្រទាន​ជាង ៤ លាន​ដុល្លា​សហរដ្ឋអាមេរិក សម្រាប់​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី ដែល​ថៅកែ​រត់ចោល​៖
​កាលពី​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុនសែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ប្រមាណ​ជាង ១​ម៉ឺន ៧​ពាន់​នាក់ នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាសថា រាជរដ្ឋាភិបាល បានផ្តល់​នូវ​ថវិកា​ប្រមាណ​ជាង ៤​លាន ៦​សែន ដុល្លារ​សហរដ្ឋអាមេរិក ជា​ប្រាក់​បុរេប្រទាន ដើម្បី​ដោះស្រាយ​បញ្ហា​ថៅកែ​បិទ​រោងចក្រ រត់ចោល​កម្មករ​កម្ម​ការិនី ដោយ​មិនបាន​បើកប្រាក់​បៀវត្សរ៍​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ថវិកា​នេះ នឹងត្រូវ​ប្រាស់​ប្រាស់​បើក​ជូន​កម្មក​កម្មការិនី​ប្រមាណ ៤១០០​នាក់ មកពី ៩​រោងចក្រ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ហើយ​ក្រសួង​ការងារ ត្រូវ​រក​ការងារ​ថ្មី ដល់​ពួកគាត់​ផងដែរ​។​

២៨-​សម្តេច​តេ​ជោ ដាស់តឿន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​៖
​កាលពី​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត ឆ្នាំ​២០១៨​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាស់តឿន​អោយ​គ្រប់ភាគី​ពាក់ព័ន្ធ រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​តាម​សម្តេច​តេ​ជោ វិស័យ​ទេសចរណ៍ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដោយ​រួមចំណែក​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ២​លាន​កន្លែង និង​បានរួម​ចំណែក​ប្រមាណ​ជាង ១៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។​

២៩-​ក្រសួងការបរទេស​ ព្រលះ​មហាអំណាច និង​គូកន​លោកខាងលិច​ធ្ងន់ៗ ក្នុង​សន្និបាត​ប្រចាំឆ្នាំ​៖
​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានរៀបចំ​សន្និបាត​បូកសរុប​ការងារ ប្រចាំឆ្នាំ​២០១៧​។ ក្នុងឱកាស​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ព្រលះ​ប្រទេស​មហាអំណាច និង​ក្រុម​សម្ព័ន្ធមិត្ត​លោកខាងលិច​មួយចំនួន យ៉ាង​ចាស់ដៃ​។ ពេញ​មួយឆ្នាំ​២០១៧ ក្រសួង​បាន​អះអាងថា ក្រុម​ប្រទេស​ទាំងនោះ បាន​បង្ក​ព្យុះ​នយោបាយ​យ៉ាង​ឃោរឃៅ ដើម្បី​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​បង្ក​ភាពចលាចល​នានា ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​អធិបតេយ្យ​កម្ពុជា គោរព​តាម​បង្គាប់បញ្ជា​ខ្លួន​៕ (SN-​ពិសិដ្ឋ​)

(​សូម​មិត្ត​អ្នកអាន រង់ចាំ​តាមដាន​ព្រឹត្តិការណ៍​ជាតិ​សង្ខេប​សំខាន់ៗ ប្រចាំ​ខែមីនា ឆ្នាំ​២០១៨ )​

អត្ថបទដែលជាប់ទាក់ទង