មន្ត្រីកាំកុងត្រូលខេត្តតាកែវរៀបចំប្តឹងម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូប្រេងឥន្ទនៈ៥កន្លែង ទៅតុលាការអំពីអំពើលួចប្រេងពីអ្នកទិញ ដោយបន្លំលក់មិនគ្រប់ចំណុះ

(តាកែវ)៖ ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ទនៈយ៉ាងហោចណាស់៥ ក្នុងចំណោមម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈចំនួន១៥ ដែលមន្រ្តីកាំកុងត្រូលរកឃើញបានលួចបន្លំលក់មិនគ្រប់ចំណុះលីត្រ និងប្រេងសាំងគ្មានគុណភាពនោះ អាចនឹងប្រឈមមុខចំពោះពាក្យបណ្ដឹងទៅតុលាការ ពីសំណាក់មន្រ្តីកាំកុងត្រូលខេត្តតាកែវ នៅដើមសប្ដាហ៍ក្រោយនេះ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងប្រាប់ Swift News ឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ចំពោះករណីម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈចំនួន១៥ ដែលមន្រ្តីកាំកុងត្រូល ពិនិត្យកាលពីចុងសប្ដាហ៍ថ្មីៗនេះ ហើយរកឃើញភាពមិនប្រក្រតីនោះ លោកបានធ្វើរបាយការណ៍ជាបឋមទៅអយ្យការអមសាលាដំបូងខេត្តតាកែវរួចហើយ ក៏ប៉ុន្តែចំពោះពាក្យបណ្ដឹងវិញ ខាងសាខាកាំកុងត្រូលខេត្តកំពុងតែរៀបចំ និងកសាងសំណុំរឿង ដោយសម្រេចដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់ស្ថាននីយ និងម្ចាស់ដេប៉ូចែកចាយប្រេងសាំងចំនួន៥កន្លែង ក្នុងចំណោម១៥ ដែលត្រូវបានរកឃើញភាពមិនប្រក្រតី កាលពីសប្តាហ៍មុន។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានមានប្រសាសន៍បន្តទៀតថា ក្នុងចំណោមម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងចំនួន៥ ដែលសាខាកាំកុងត្រូល គ្រោងដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ គឺមានម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងសាំងចំនួន២ ដែលលក់មិនគ្រប់បរិមាណ និងគ្មានគុណភាព ចំណែកម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូ៣កន្លែងទៀត គឺលក់មិនគ្រប់បរិមាណ។

ចំពោះមូលហេតុនៃការដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈទាំង៥ ក្នុងចំណោមម្ចាស់១៥ស្ថានីយ លោកបានបញ្ជាក់ថា «គឺបណ្ដាលមកពីម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូទាំង៥នេះ ត្រូវបានមន្រ្តីកាំកុងត្រូលត្រួតពិនិត្យជាលើកទី២ហើយ ដែលកាលពីលើកទី១ ពួកគេត្រូវបានអប់រំ និងឲ្យធ្វើកិច្ចសន្យាម្ដងហើយ ក៏ប៉ុន្តែពួកគេនៅតែមិនព្រមកែប្រែ ទើបយើងសម្រេចចិត្តដាក់ពាក្យបណ្ដឹង»។

បើតាមលោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឲ្យដឹងទៀតថា ខាងមន្រ្តីកាំកុងត្រូលគ្រាន់តែដាក់ពាក្យបណ្ដឹងចំពោះម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈ ដែលលក់មិនគ្រប់លីត្រ និងគ្មានគុណភាពទាំង៥ប៉ុណ្ណោះ រីឯការចោទប្រកាន់យ៉ាងណា គឺជាសិទ្ធិរបស់អយ្យការអមសាលាដំបូងខេត្តតាកែវជាអ្នកសម្រេច។

លោក ប៉ោ លាងគង់ មិនបានបញ្ចេញឈ្មោះម្ចាស់ស្ថានីយ ឬម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈ ដែលលោកបានរៀបចំប្តឹងនេះឡើយ ព្រោះករណីនេះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបន្ថែម ហើយចំណែកបទចោទប្រកាន់វិញ ក៏លោកមិនបានបញ្ជាក់ច្បាស់លាស់ដែរ ដោយទុកលទ្ធភាពឲ្យព្រះរាជអាជ្ញាជាអ្នកសម្រេច។ 

លោកបានបញ្ជាក់ថា បទល្មើសដែលម្ចាស់ស្ថានីយ និងម្ចាស់ដេប៉ូចែកចាយប្រេងឥន្ទនៈទាំង៥កន្លែងនេះ គឺមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដែលព្រះមហាក្សត្រឡាយព្រហស្ថលេខាលើព្រះរាជក្រមឲ្យប្រើប្រាស់ កាលពីឆ្នាំ២០០០។

សូមរំឭកថា កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមមន្ត្រីកាំកុងត្រូលប្រើរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីកាំកុងត្រូលខេត្តតាកែវ បានរកឃើញស្ថានីយ និងដេប៉ូលក់ប្រេងចំនួន១៥កន្លែង ក្នុងចំណោម១៩ ត្រូវបានរកឃើញថា ពិតជាបានលួចបន្លំលក់ប្រេងមិនគ្រប់ចំណុះលីត្រឲ្យអ្នកទិញពិតប្រាកដមែន។

នៅពេលនោះលោក មាន ចំណាប់ បានអះអាងថា ស្ថានីយ និងដេប៉ូលក់ប្រេង ដែលលួចលក់បន្លំបរិមាណ និងគុណភាព ដែលមន្ត្រីរបស់លោកបានសម្រេចបញ្ចេញឈ្មោះ មាន៖ ១- ដេប៉ូ Tela ឈាវ លាំង ស្ថិនៅភូមិស្រង៉ែ ផ្លូវជាតិលេខ៣ ឃុំឧត្តមសូរីយា ស្រុកត្រាំកក់, ២- ដេប៉ូ Tela ជៀក ច្រូវ តាកែវ ស្ថិតនៅភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ, ៣- ដេប៉ូ Savimex ណុប ម៉ារីយ៉ាន ស្ថិតនៅភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ, ៤- ស្ថានីយ Sokimex ១មករា ស្ថិតនៅភូមិថ្នល់បែក ផ្លូវជាតិលេខ២ ឃុំរកាក្រៅ ក្រុងដូនកែវ, ៥- ស្ថានីយ L.H.R ស្ថិតនៅក្នុងសង្តាត់រកាក្រៅ ក្រុងដូនកែវ, ៦- ដេប៉ូ Tela សុខ ឫទ្ធី ស្ថិតនៅភូមិព្រៃហ្ម ផ្លូវជាតិ២ សង្តាត់រកាក្នុង ក្រុងដូនកែវ ប៉ុន្តែមិនឲ្យត្រួតពិនិត្យឡើយ, ៧- ដេប៉ូ Total សែ សុខ ម៉េង ស្ថិតនៅភូមិស្មៅខ្ចី ផ្លូវជាតិលេខ២ ឃុំត្រពាំងសាប ស្រុកបាទី, ៨- ដេប៉ូ Tela ភាព សំណាង ពូនភ្នំ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។

កន្លងមក គេតែងតែសង្កេតឃើញមន្ត្រីកាំកុងត្រូលនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសមន្ត្រីប្រើរថយន្តពិសោធន៍ចល័ត បានបង្ហោះផ្សព្វផ្សាយរូបថតអំពីសកម្មភាពត្រួតពិនិត្យស្ថានីយលក់ប្រេងនានា ហើយស្ទើរគ្រប់ស្ថានីយទាំងអស់ សុទ្ធតែរកឃើញថា ធ្វើអាជីវកម្មបង្កប់នូវទង្វើលួច​​​ ដោយលក់ប្រេងឲ្យអ្នកទិញមិនគ្រប់ចំណុះលីត្រតាមកុងទ័រកំណត់ ប៉ុន្តែមិនទាន់ឃើញមានការចាត់វិធានការផ្លូវច្បាប់ឲ្យច្បាស់លាស់នៅឡើយទេ​​​ ទោះបីបទលួច គឺល្មើសនឹងច្បាប់ក៏ដោយ។

ការណ៍ដែលមិនចាត់វិធានការផ្លូវច្បាប់ចំពោះ​​​ម្ចាស់អាជីវកម្មទុច្ចរិតបែបនេះ​​​ ទើបធ្វើឲ្យមហាជន ដែលជាអ្នកទិញប្រេងដោយចាញ់បោកអ្នកលក់នេះ លើកជាសំណូមពរថា មន្ត្រីកាំកុងត្រូលល្មមយកច្បាប់មកអនុវត្តហើយ មិនគួរបន្តឲ្យទង្វើលួចកើតឡើងដដែលទៀតឡើយ ដើម្បីព្រោះតែចំណេញម្នាក់ឯង និងបក្ខពួកខ្លួន។ 

សកម្មភាពត្រួតពិនិត្យកម្រិតចំណុះប្រេងបាញ់ចេញតាមទូយោចេញពីកុងទ័រ ហើយរកឃើញមិនគ្រប់ចំណុះលីត្រនេះ គឺមន្ត្រីកាំកុងត្រូលខេត្តតាកែវ ដឹកនាំឲ្យលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តនេះ ហាក់ដូចជាបានធ្វើច្រើនជាងគេ ហើយនៅពេលនេះ លោកបានផ្តើមដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីស្វែងរកការផ្តន្ទាទោសម្ចាស់ស្ថានីយ និងដេប៉ូ ដែលប្រព្រឹត្តអំពើលួច។

ប្រតិកម្មទៅនឹងការរកឃើញពីការលក់លួចបន្លំនេះ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញប្រតិកម្មថា ហេតុអ្វីបានជាមន្ត្រីកាំកុងត្រូលមិនចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងចំពោះម្ចាស់ស្ថានីយ និងដេប៉ូលក់ប្រេងទាំងនេះ ក្រោយពីរកឃើញថា ពួកគេប្រព្រឹត្តបទល្មើសលួចដូចចោរដទៃទៀតដែរ ប៉ុន្តែបែរជាធ្វើត្រឹមតែកិច្ចសន្យាទៅវិញ។ 

លោកបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «មន្ត្រីកាំកុងត្រូលបានរកឃើញស្ថានីយប្រេងឥន្ធនៈ១ចំនួនបានគៃបំបាត់ប្រេងពីអ្នកទិញពី៣ ទៅ១០ភាគរយ! តែគួរឲ្យឆ្ងល់! អត់មានផាកពិន័យ ឬផ្តន្ទាទោសបន្តិចសោះ! គ្រាន់តែធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត! សួរថា ចុះប្រេងដែលលួចរាប់ឆ្នាំមកហើយអស់រាប់ពាន់រាប់ម៉ឺនលីត្រ តើគិតយ៉ាងណា? ហេតុអ្វីចោរលួចកង់ ម៉ូតូ ដែលមានតម្លៃតែបន្តិចបន្តួចសោះ ហេតុអ្វីត្រូវជាប់គុក? ឯចោរដែលលួចប្រេងអស់វាល់ម៉ឺនរាប់សែនដុល្លារ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់!»។

មហាជនបានមើលឃើញថា សកម្មភាព និងវិធានការត្រឹមធ្វើកិច្ចសន្យាពីសំណាក់មន្ត្រីកាំកុងត្រូល ជាពិសេស គឺក្រុមមន្ត្រីប្រើរថយន្តពិសោធន៍ចល័ត ហាក់ដូចជាមិនផ្តល់លទ្ធផលគួរជាទីពេញចិត្តឡើយ ដោយពួកគាត់លើកឡើងថា នេះគ្រាន់តែជាវិធានការនៃការងារបន្លែបន្លំដូចអ្នកលក់ប្រេងដែរ ដូច្នេះម្ចាស់ស្ថានីយ ឬម្ចាស់ដេប៉ូលក់ប្រេងនឹងមិនខ្លាចញញើតឡើយ។ ផ្ទុយទៅវិញ​​​ ប្រសិនបើប្រើវិធានការផ្លូវច្បាប់ដូចលោក ណៅ ធួក បានលើកឡើងមែន នោះនឹងមានប្រសិទ្ធភាព ព្រោះបទល្មើសលួច គឺជាអំពើខុសច្បាប់​​​ ត្រូវយកទៅដាក់គុកដូចចោរលួចម៉ូតូ កង់ ឬចោរលួចរបស់របរកំប៉ិកកំប៉ុកដទៃទៀតដែរ។

ទោះជាយ៉ាងណាក្តី មហាជនរងចាំមើលថា តើមន្ត្រីកាំកុងត្រូល ជាពិសេសក្រុមមន្ត្រីកាំកុងត្រូលប្រើរថយន្តពិសោធន៍ចល័ត ដែលជាទូទៅគេឃើញឈប់សំចតធ្វើការតែមួយភ្លែតៗ នៅតាមទីតាំងត្រួតពិនិត្យ ដូចគេបើកឡានល្អដើរកម្សាន្ត នឹងចាត់វិធានការចំពោះចោរលក់លួចប្រេងពីអ្នកទិញនៅពេលណា និងដោយរបៀបណា?៕ (SN-ស្នា)


 

 

 

អត្ថបទដែលជាប់ទាក់ទង