វិភាគៈ ការចរចាពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង មិនងាយស្រួលដូចលោក ត្រាំ គិតទេ

ក្រុមអ្នកតាមដានស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េ បានលើកឡើងថា កិច្ចចរចាក្នុងដំណើរឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង មិនងាយស្រួលដូចលោក ដូណាល់ ត្រាំ បានគិត និងរំពឹងទុកនោះទេ ។

មិនងាយស្រួលនៅត្រង់ថា កូរ៉េខាងជើងគឺពិតជាប្រទេសមហាអំណាចនុយក្លេអ៊ែរ និងមីស៊ីលនៅលើពិភពលោកមែន ទោះបីជារហូតដល់ពេលនេះ នៅមិនទាន់មានប្រទេសណាមួយប្រកាសទទួលស្គាល់កូរ៉េខាងជើងជាប្រទេសមហាអំណាចនុយក្លេអ៊ែរក៏ដោយ ។

កូរ៉េខាងជើងជាប្រទេសមហាអំណាចនុយក្លេអ៊ែរ មានន័យថា កូរ៉េខាងជើងមានសមត្ថភាពអាចបំផ្លាញពិភពលោកបានប្រហាក់ប្រហែលអាមេរិកដែរ ដូច្នេះការចរចា ឫកិច្ចពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិក ត្រូវតែធ្វើឡើងដោយស្មើរមុខស្មើរមាត់ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បីដូចជាមើលស្រាលបន្តិចចំពោះកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលចំណុចនេះហើយបានជាកិច្ចចរចាឈានឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង មិនអាចសម្រេចបាន ។

រហូតដល់ឆ្នាំ២០១៨នេះ កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងហាក់បីដូចជារីកចម្រើនខ្លាំងណាស់ ទោះបីជាប្រមុខដឹកនាំកំពូលសរបស់ប្រទេសនេះ បានបង្ហាញបំណងក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ ។

នៅសប្តាហ៍នេះ អាមេរិកបានបើកភ្នែកធំៗដោយសារតែដឹងថា កូរ៉េខាងជើងមានទីតាំងផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរហូតដល់ជាង២០កន្លែង ដែលក្នុងចំណោមនោះ ទីតាំងចំនួន១៣កន្លែង មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក CSISបានអោយដឹងថា មូលដ្ឋាននុយក្លេអ៊ែរ និងមីស៊ីលមួយចំនួនរបស់កូរ៉េខាងជើងកំពុងដំណើរទៅមុខយ៉ាងសកម្ម ។

យោងតាម CSIS បានអោយដឹងថា ក្នុងចំណោមមូលដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលទាំងជាង២០កន្លែងរបស់កូរ៉េខាងជើង គឺមានមូលដ្ឋានមួយឈ្មោះ សាកានម៉ូល (Sakkanmol) កំពុងដំណើរការសកម្មភាពផលិតយ៉ាងសកម្មជាងគេ ។

Sakkanmol គឺជាមូលដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលនៅលើទឹកដីកូរ៉េខាងជើង ដែលនៅមិនឆ្ងាយប៉ុន្មានពីតំបន់ព្រំដែននៃកូរ៉េទាំងពីរ ហើយមូលដ្ឋាននេះ អាចត្រូវបានស្តុកទុកនូវគ្រាប់មីស៊ីលជាច្រើនដើម ទាំងមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ។

ក្រុមអ្នកជំនាញខាងយោធានៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាមេរិកបានអោយដឹងថា មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង អាចទទួលរងការគម្រាមកំហែងដោយផ្ទាល់ពីមូលដ្ឋានមីស៊ីលនេះ ។

ពាក់ព័ន្ធនឹងរបាយការណ៍របស់ CSIS ស្តីពីមូលដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនេះ លោក អ៊ុយ គីយ៉ឹម (Eui Kyeom) អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូងបានអោយដឹងថា ក្រុមចារកិច្ចសម្ងាត់កំពុងឃ្លាំមើលកូរ៉េខាងជើងហើយ ។

លោក អ៊ុយ គីយ៉ឹម បានបន្ថែមថា ក្រុមចារកិច្ចសម្ងាត់របស់កូរ៉េខាងត្បូង និងអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង កំពុងប្រើប្រាស់ផ្កាយរណបទំនើប ក្នុងការតាមដានមើលមូលដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។

លោក អ៊ុយ គីយ៉ឹម បានបញ្ជាក់ថា ទោះបីជាមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS របស់អាមេរិក បានបង្ហាញរបាយការណ៍ថ្មី ស្តីពីមូលដ្ឋានផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាជើងក៏ដោយ ក៏កូរ៉េខាងជើង មិនមានបង្ហាញពីសកម្មភាពអ្វីប្លែកទាក់ទិនកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួននោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង