លោក ឃួង ស្រេង នឹងឲ្យអាជ្ញាធរ និងក្រុមហ៊ុនពាក់ព័ន្ធ ចុះកាត់ខ្សែកាបដែលនៅលើអាកាសទាំងអស់ មកជីកកប់ក្រោមដីវិញឲ្យបានលឿន ដើម្បីសោភណភាពទីក្រុង

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការត្រួតពិនិត្យការជីក-កប់បណ្ដាញខ្សែកាបលើអាកាស មកក្រោមដីក្នុងរាជធានីភ្នំពេញ។

ការបញ្ជាឲ្យកាត់ខ្សែនៅលើអាកាសនោះដែរ គឺដើម្បីធ្វើឲ្យសម្រស់រាជធានីភ្នំពេញកាន់តែស្រស់បំព្រងថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យកាត់ខ្សែកាបលើអាកាសទាំងអស់មកដាក់ក្រោមដីវិញ ហើយចំពោះក្រុមហ៊ុនម៉ៅការទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ទាំងការងារបច្ចេកទេស សុវត្ថិភាព និងការរៀបចំជីក-កប់ឲ្យស្អាតនឹងដូចទ្រង់ទ្រាយដើមវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាស់ ភក្តី បានប្រាប់ Swift News ឲ្យដឹងថា « កន្លងមកនេះមានក្រុមហ៊ុនខ្សែកាបមួយចំនួន ខណៈទម្លាក់ខ្សែកាបចូលទៅក្រោមដីវិញ ឃើញថាបានបំពេញការងារបានល្អ តែក្នុងនោះក៏មានក្រុមហ៊ុនឯកជននេះមួយចំនួនអនុវត្តការងារមិនទាន់បានល្អផងដែរ ដែលជាហេតុបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហានេះ ទើបលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បើកឲ្យមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះឡើង ដើម្បីធ្វើយ៉ាងណាឲ្យមន្រ្តីពាក់ព័ន្ធនិងក្រុមហ៊ុនទម្លាក់ខ្សែកាបទៅក្នុងដី អនុវត្តការងារឲ្យបានលឿន និងទាន់ពេលវេលា ចៀសវាងឲ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ »។

អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ម៉េត មាស ភក្តី បានបន្តថា ការថ្នាំងថ្នាក់នោះដោយសារតែពួកគាត់ជីកដីនៅមុខផ្ទះប្រជាពលរដ្ឋទុករយៈពេលយូរពេក និងជីកដីមានប្រវែង វែងពេក មុននៃការកប់វិញ ហើយការជីកកប់នោះមានចំណុចខ្លះក៏មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ ដូច្នេះហើយទើបលោកអភិបាលរាជធានីភ្នំពេញជំរុញឲ្យពង្រឹងការងារនេះឡើងវិញ ដោយស្នើឲ្យក្រុមហ៊ុនធ្វើការកែលម្អឡើងវិញ ពិសេសនៅកំណាត់ផ្លូវព្រះនរោត្តម ។ចំណែកផ្លូវផ្សេងៗទៀតក៏ត្រូវតែអនុវត្តការងារនេះឲ្យបានល្អផងដែរ។

ចំពោះបញ្ហានេះដែរ កន្លងមក នៅតាមបណ្តាសង្កាត់មួយចំនួននៅតាមក្នុងរាជាធានីភ្នំពេញ មានខ្សែភ្លើង និងខ្សែកាបរញ៉េរញ៉ៃ នៅតាមដងផ្លូវ និងធ្លាក់ដល់ដី ធ្វើមានពលរដ្ឋដែលរស់នៅក្បែរនោះមានការភិតភ័យ និងគ្រោះថ្នាក់ដោយមើលមិនឃើញ ជាពិសេសនៅពេលមានរដូវភ្លៀងតែម្តង ធ្វើឲ្យមានការទុស្សេខ្សែភ្លើង ដោយមានខ្សែភ្លើង និងខ្សែកាបធ្លាក់រញ៉េរញ៉ៃ នៅតាមដងផ្លូវ។

សូមបញ្ជាក់ជូនថា នៅពេលថ្មីៗនេះនៅតាមបណ្តោយផ្លូវចំនួន២ រួមមានផ្លូវ២០០៤ (ម៉ាយដា) សង្កាត់ទឹកថ្លា និងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានខ្សែភ្លើង ខ្សែកាប និងខ្សែអ៊ីនធឺណិត ដាច់ធ្លាក់រាយប៉ាយជិតដល់ដី និងបង្គោលភ្លើងជិតដួលរលំ ប៉ុន្តែមិនឃើញអាជ្ញាធរទាំង២សង្កាត់នេះមកជួសជុល ឬរៀបចំឡើងវិញឡើយ។

ខ្សែភ្លើងដែលរាយប៉ាយ និងធ្លាក់ជិតដល់ដីនេះ ធ្វើឲ្យអ្នកដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពលើផ្លូវទាំងពីរខ្សែនេះណាស់ ព្រោះខ្សែភ្លើងនេះបានដាច់ជាកំណាត់ៗ រីឯបង្គោលភ្លើងវិញ ជិតដួលរលំទៅហើយ ដោយសារខ្សែភ្លើងទាញ ជាពិសេស គឺខ្សែជិតធ្លាក់ដល់ដីតែម្តង ហើយឡានធំៗ ធ្វើចរាចរលើផ្លូវនេះ ជួនកាលឆ្លងកាតមិនបាន ដោយកម្ពស់ឡាន និងខ្សែភ្លើងប្រកិតគ្នា ហើយខ្សែភ្លើងដែលដាច់ធ្លាក់ដល់ដីនេះ វាអាចបណ្តាលឲ្យឆក់ថែមទៀតផង។

ក្នុងរយៈពេលប៉ុន្មានខែនេះ ភ្លៀងចាប់ផ្តើមធ្លាក់ជាប់ជាប្រចាំ ជាមួយនឹងទឹកលិចផ្លូវ ឯអ្នកធ្វើដំណើរដោយថ្មើរជើង ដើរលុយទឹក អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារខ្សែភ្លើងដាច់ទាំងនេះ។

ចំពោះបញ្ហាខាងលើនេះ គឺជាកំហុសដោយសារប្រព័ន្ធប្រមូលផ្តុំឡើង ដើម្បីបានជាខ្សែភ្លើង និងខ្សែកាបរមួល ពួតផ្តុំគ្នា តោងលើបង្គោល ទម្លាក់ខ្លួនយកស្តាយយ៉ាងសង្ហារដូច្នេះដែរ។

សាធារណជនបានដាក់ការសង្ស័យថា បញ្ហានេះបើគ្មានការចូលរួម ឬបិទភ្នែក បិទត្រចៀក ពីលោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា ទេ តើខាងក្រុមហ៊ុនខ្សែកាបទាំងនោះ ធ្វើម៉េចនឹងអាចខ្សែទៅតោងលើបង្គោលភ្លើងរបស់អគ្គិសនីបាន បើមិនមានការអនុញ្ញាតពីសាលាក្រុងទេ ធ្វើម៉េចនឹងអាចអូសខ្សែយ៉ាងអនាធិបតេយ្យនេះបាន៕ (SN- ជុំសុធន)

 

អត្ថបទដែលជាប់ទាក់ទង