កម្ពុជាសិក្សាគម្រោងបង្ហោះផ្កាយរណបទី ១ដំបូងរបស់ខ្លួនដើម្បីរក្សាការសម្ងាត់នៃព័ត៌មានសន្តិសុខជាតិ និងការអភិវឌ្ឍវិស័យសំខាន់ៗ

(ភ្នំពេញ) ៖ សិក្ខាសាលាស្តីពីការបង្ហោះផ្កាយរណបរបស់កម្ពុជា ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគម អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Blue Skies និងលោក Fu Zhiheng ប្រធានក្រុមហ៊ុន China Great Wall Industry Corporation ព្រមទាំងមានការចូលរួមពីមន្រ្តីក្រសួងស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធមួយចំនួនទៀត។

សិក្ខាសាលាស្តីពីការបង្ហោះផ្កាយរណបរបស់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាពីតម្លៃនៃ ការវិនិយោគ និងទំហំនៃការប្រើប្រាស់ និងការទូទាត់ចំណូលចំណាយ និងផលចំណេញរបស់វាក្នុងរយះពេល១៥ឆ្នាំ នៅប្រទេសកម្ពុជា។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគម បានមានប្រសាសន៍ថា តម្លៃសិក្សានៃការវិនិយោគលើការបង្ហោះផ្កាយរណបដែលមានសុពលភាព១៥ ឆ្នាំនេះ ប្រហាក់ប្រហែលនឹង១៥០លានដុល្លារ ហើយបើការសិក្សាទទួលជោគជ័យនោះ កម្ពុជានឹងមានផ្កាយរណបលើកទី១ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យផ្សេងៗ ដែលរួមមាន ប្រព័ន្ធទូរស័ព្ទ និងទូរទស្សន៍ជាដើម។

លោក ត្រាំ អ៊ីវតឹក បញ្ជាក់បន្តថា ផ្កាយរណបសំខាន់សម្រាប់ការរក្សាការសម្ងាត់នៃព័ត៌មានសន្តិសុខជាតិសំខាន់ៗ និងកត្តារីកចំរើនផ្នែកសេដ្ឋកិច្ចសំខាន់ៗផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Blue Skies បានមានប្រសាសន៍ថា ការបង្ហោះផ្កាយរណបនេះ គឺដើម្បីកម្ពុជាមានឯករាជ្យសន្តិសុខផ្នែកទូរគមនាគមន៍។

អ្នកឧកញ៉ា បន្ថែមថា សិក្ខាសាលា នេះ គឺជាការពិគ្រោះយោបល់គ្នាទៅវិញទៅមក ដើម្បីប្រមូលទិន្នន័យយកទៅកសាងផ្កាយរណបមួយឲ្យបានត្រឹមត្រូវ ហើយឲ្យប្រទេសកម្ពុជាមានលទ្ធភាពប្រើបានដូចគេដូចឯង។

អ្នកឧកញ៉ា បានមានប្រសាសន៍បន្តថា កាលណាកម្ពុជាមានផ្កាយរណបខ្លួនឯង កម្ពុជាអាចការពារខ្លួនឯងបាន និងអាចក្តាប់ព័ត៌មានទំនាក់ទំនងខ្លួនឯងបាន មិនចាំបាច់ជួលគេ និងបង់លុយឲ្យគេ។

អ្នកឧកញ៉ា គិត ម៉េង បានស្នើរសុំឲ្យអ្នកចូលរួមទាំងអស់ ផ្តល់ព័ត៌មានឲ្យបានច្រើន ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់យកទៅរៀបចំជួយរាជរដ្ឋាភិបាលក្នុងការបង្កើតផ្កាយរណបមួយនេះឡើង។


គួរបញ្ជាក់ថាបើតាមលោក Fu Zhiheng ប្រធានក្រុមហ៊ុន China Great Wall Industry Corporation បានឲ្យដឹងថា ផ្កាយរណបផ្តល់នូវទំនាក់ទំនងប្រកបដោយភាពជឿទុកចិត្តលើផ្នែកសន្តិសុខរបស់រដ្ឋ និងជាមជ្ឈមណ្ឌលផ្លាស់ប្តូរបច្ចេកវិទ្យា ទំនាក់ទំនងការងារ ជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយមោទនភាព៕(SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង