វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ សំទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្តូរប្រូហ្វាលបង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ យោងតាមការបង្ហោះខ្លឹមសារលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សំទុះនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ពីក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រជាពលរដ្ឋដែលរស់នៅនាយសមុទ្រទូទាំងពិភពលោក បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្តូរប្រូហ្វាលបង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ។ ការសម្រេចចិត្តក្នុងការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញនូវភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានគូសវាសដោយថ្នាក់ដឹកនាំកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ដែលបានងើបចេញពីគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ និងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ក្លាយជាកម្ពុជាក្នុងពេលបច្ចុប្បន្ន ប្រកបដោយសក្តានុពលលើគ្រប់វិស័យ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈនៃការអភិវឌ្ឍរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។ ទាំងនេះបានកើតចេញពីឆន្ទៈមោះមុត ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលជំនាន់មុន និងដែលត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាថ្មីម្តងទៀត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រគំនិតផ្តួចផ្តើម និងដំណើរការនៃគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីជាឧត្តមប្រយោជន៍ដ៏មានតម្លៃកាត់ថ្លៃពុំបានសម្រាប់ប្រទេសជាតិ។ ខ្ញុំសូមគូសបញ្ជាក់ម្តងទៀតថា គម្រោងនេះគឺជាការគិតគូរ យ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនវិស័យយូរអង្វែងដោយឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ច្បាស់ណាស់យើងត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលមិនត្រឹមតែបម្រើឱ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មប៉ុណ្ណោះទេ តែក៏បានចែករំលែកនូវផលប្រយោជន៍សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងទៀតដល់សហគមន៍ដែលរស់នៅតាមដងព្រែកជីកផងដែរ៕

បើចង់កាត់បន្ថយឱកាសនៃការកើតជំងឺមហារីក ដាច់ខាតកុំរំលងនូវបន្លែមួយប្រភេទនេះ!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(សុខភាព)៖ មនុស្សចំនួនមិនសូវបានដឹងទេថា ខ្ញីមានសុខភាពល្អយ៉ាងណាចំពោះសុខភាពយើង។ ខ្ញី គឺជាគ្រឿងទេស ដែលមានរសជាតិខ្លាំង ថែមទាំងមានគុណសម្បតិ្តល្អជាច្រើនដោយវាមានផ្ទុក gingerol, shogaol, zingiberene និងវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលខ្ញីមានប្រវត្តិជាឱសថដ៏យូរលង់ណាស់មកហើយ។ ជាច្រើនសតវត្សមុន ខ្ញីត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺគ្រប់ប្រភេទ។ លើសពីនេះ ការទទួលទានខ្ញីជាប្រចាំក៏អាចជួយឱ្យ រាងកាយរបស់អ្នកមានសុខភាពល្អផងដែរ។សារធាតុ gingerol នៅក្នុងខ្ញី ជាសារធាតុសកម្មជីវសាស្រ្តដែលជួយកាត់បន្ថយរោគសញ្ញាដូចជាចង្អោរ និងក្អួត។ សារធាតុនេះក៏ជួយកាត់បន្ថយការហើមសន្លាក់ផងដែរ។ ខ្ញីក៏មានផ្ទុកសារធាតុ shoagol ដែលជាសារធាតុដែលមានប្រសិទ្ធិភាពថ្នាំស្ពឹកដែលជួយប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ Zingiberene នៅក្នុងខ្ញីគឺល្អជាពិសេសសម្រាប់ការរំលាយអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើអោយមុខងារខួរក្បាល និងប្រព័ន្ធការពារប្រសើរឡើងផងដែរ។យោងតាមការសិក្សាមួយចំនួន ខ្ញីជួយកាត់បន្ថយឱកាស នៃការកើតជំងឺមហារីក ហើយថែមទាំងជួយការពារការរលាកពោះវៀនផងដែរ។ ខណៈពេលដែលនេះគ្រាន់ តែជាការចាប់ផ្តើមនៃការសិក្សាដែលធ្វើដើម្បីមើលពីរបៀបដែលខ្ញីជួយការពារជំងឺមហារីក ប៉ុន្តែមានរឿងមួយប្រាកដណាស់ ផលប៉ះពាល់គឺវិជ្ជមាន ហើយយើងគួរតែចាប់ផ្តើមទទួលទានវាបន្ថែមទៀត៕

អ្នកដំណើរជិត៥០០នាក់ ប្រលឹងចុងសក់! យន្តហោះកំពុងហោះសុខៗ ត្រូវបង្ខំឱ្យចុះចតជាបន្ទាន់ ក្រោយពីឆេះម៉ាស៊ីន!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

 (អន្តរជាតិ)៖ ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia បាននិយាយថា យន្តហោះដឹកមនុស្ស 468 នាក់ពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតជាបន្ទាន់កាលពីថ្ងៃពុធ ដោយសារភ្លើងឆេះម៉ាស៊ីន នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់នៅក្នុងកំណត់ត្រាសុវត្ថិភាពមិនល្អរបស់ប្រជុំកោះនេះ។ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបាននិយាយថា ជើងហោះហើរ Garuda-1105 ទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋានដើមរបស់ខ្លួន ក្នុងទីក្រុង Makassar របស់ឥណ្ឌូនេស៊ីនៅម៉ោង 5:15 ល្ងាច ដោយអ្នកដំណើរទាំងអស់មិនមានរបួស និងគ្រោះថ្នាក់ដល់អាយុជីវិត។លោក Irfan Setiaputra ប្រធានក្រុមហ៊ុន Garuda បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយអ្នកបើកបរនៅក្នុងបញ្ជាការភ្លាមៗបន្ទាប់ពីការហោះហើរដោយពិចារណាលើបញ្ហាម៉ាស៊ីនដែលតម្រូវឱ្យមានការត្រួតពិនិត្យបន្ថែមទៀតបន្ទាប់ពីមានបែកផ្កាភ្លើង នៅក្នុងម៉ាស៊ីនយន្តហោះ" ។ Irfan បាននិយាយថា មានអ្នកដំណើរ 450 នាក់ និងសមាជិកនាវិក 18 នាក់នៅលើជើងហោះហើរនេះ ហើយពួកគេរួមបញ្ចូលអ្នកធ្វើធម្មយាត្រាសម្រាប់ពិធីបុណ្យ Haj ដែលជាធម្មយាត្រាប្រចាំឆ្នាំរបស់អ៊ីស្លាមទៅកាន់ទីក្រុង Mecca ។គាត់បាននិយាយថា ពួកគេទាំងអស់ត្រូវបានបញ្ជូនបន្តទៅកាន់កន្លែងស្នាក់នៅ មុនពេលឡើងយន្តហោះ ជំនួសវិញនៅថ្ងៃទី 15 ខែឧសភា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមដែលមិនត្រូវបានគេផ្ទៀងផ្ទាត់ដោយ AFP បានបង្ហាញថាម៉ាស៊ីនរបស់យន្តហោះបានឆាបឆេះខណៈដែលវាបានផ្ទុះ។ លោក Irfan បាននិយាយថា យន្តហោះត្រូវបានចុះចតសម្រាប់ការស៊ើបអង្កេតសុវត្ថិភាព។ក្រុមហ៊ុនអាកាសចរណ៍ដែលមាន 60% គ្រប់គ្រងដោយរដ្ឋឥណ្ឌូណេស៊ីបានទទួលរងការខាតបង់យ៉ាងធំ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ដោយបានបញ្ឈប់កងនាវាភាគច្រើនរបស់ខ្លួនជុំវិញការរឹតបន្តឹង ការធ្វើដំណើរ និងការថយចុះតម្រូវការ និងការបញ្ឈប់បុគ្គលិករាប់រយនាក់។ប្រជុំកោះអាស៊ីអាគ្នេយ៍ពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាសដើម្បីភ្ជាប់កោះរាប់ពាន់របស់ខ្លួន ប៉ុន្តែបានទទួលរងនូវឧប្បត្តិហេតុធ្លាក់យន្តហោះយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណត់ត្រា អាកាសចរណ៍ដ៏អាក្រក់របស់វា រួមមានការធ្លាក់ក្នុងឆ្នាំ 2021 ដែលយន្តហោះដឹកអ្នកដំណើរ Sriwijaya Air Boeing ធ្លាក់យ៉ាងអាថ៌កំបាំងចូលទៅក្នុងសមុទ្រ Java បន្ទាប់ពីហោះចេញពីរដ្ឋធានីហ្សាកាតា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង 62 នាក់។ កាលពីខែមីនា ក្រសួងដឹកជញ្ជូន របស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថាខ្លួនបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Batik Air បន្ទាប់ពីអាកាសយានិកពីរនាក់ត្រូវបានគេរកឃើញថាបានដេកលក់ក្នុងអំឡុងពេលហោះហើរ៕

សាកថ្មពេញៗ! ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និង ស្រុកចំនួន២ ក្នុងខេត្តកណ្តាល នឹងមានការអាក់រអួលអគ្គិសនីចំនួន ៣ថ្ងៃ ព្រោះហេតុផលទាំងនេះ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

អគ្គិសនីកម្ពុជា ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅ តាមបណ្តាខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ និងស្រុកចំនួន២ ក្នុង ខេត្តកណ្តាល នឹងមានការរអាក់រអួលអគ្គិសនីជាបណ្តោះអាសន្ន ដោយសារក្រុមការងារ ធ្វើការជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ។ ក្នុងនោះផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ឱ្យដឹងទៀតថា ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។អានសេចក្តីជូនដំណឹង.......!

អ្នកជិះតាមបណ្តោយផ្លូវ ២០០៤ ស្អែកនេះរកផ្លូវវាងឱ្យហើយទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរយានជំនិះគ្រប់ប្រភេទ ដោយសារហេតុផលមួយនេះ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

 រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា នេះ បានចេញនូវសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនឹងរៀបចំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីស្ទឹងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរ មមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាង ការកកស្ទះចរាចរណ៍កើតឡើង។រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីស្ទឹង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

ដំណឹងល្អ! ភ្ញៀវទេសចរណ៍អាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរវិញហើយ ចាប់ពីថ្ងៃនេះតទៅ!
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(សៀមរាប)៖ អាចចាត់ទុកថាជាដំណឹងល្អមួយផងដែរក្នុងការបើកឱ្យមានការចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ។អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់នូវទីតាំងដែលមានហានិភ័យរបស់ប្រាសាទប្រែរូប។ក្នុងន័យដើម្បីបន្ថែមបទពិសោធន៍ថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។អាជ្ញាធរជាតិអប្សរា សូមក្រសួងស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន។សូមបញ្ជាក់ផងដែរថាប្រាសាទប្រែរូប មានទីតាំងស្ថិតនៅ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប និងមានចម្ងាយប្រហែល ~14km ពីរង្វង់មូលនាគព័ន្ធ៕

អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាវៈ» រវាងក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ ត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ សាធារណរដ្ឋកូរ៉េ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្ដម ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៨ ខែឧសភា ឆ្នាំ២០២៤។ កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈជាមួយគ្នាទៅវិញទៅមក ស្របតាមតម្រូវការទីផ្សារការងាររបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងផ្សារភ្ជាប់ការបណ្ដុះបណ្ដាលពលករជំនាញទៅនឹងឱកាសការងារទាំងនៅក្នុងប្រទេស និងនៅបរទេស ព្រមទាំងមានការគាំទ្រពលករបន្ថែមក្រោយពេលធ្វើមាតុភូមិនិវត្តន៍៕

គ្រឹះស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ផ្តើមធ្វើតេស្តវាយតម្លឌសមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះតទៅ គ្រឹះបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដើមធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជាក់សមត្ថភាពរបស់សិក្ខាកាមមុនឈានជើងចូលទីផ្សារ។ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ក្នុងពិធីប្រឡងនៅថ្ងៃទី១៥ ខែឧសភានេះថា ការធ្វើតេស្តបញ្ចប់វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជនដែលជាសិក្ខាកាមដើម្បីបញ្ជាក់ពីសមត្ថភាពការងារដោយពិតប្រាកដបន្ទាប់ពីបានសិក្សារយៈពេល៤ខែកន្លងមកនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា«ការធ្វើតេស្តសមត្ថភាពខុសពីការប្រឡង។ តេស្តសមត្ថភាពគឺជាអ្វីដែលគាត់អាចធ្វើបាន»។ បើតាមឯកឧត្តមអគ្គនាយក ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្ដោតសំខាន់លើការអនុវត្តច្រើនជាងទ្រឹស្ដីដើម្បីត្រៀមខ្លួនចូលបម្រើក្នុងទីផ្សារការងារព្រោះសិក្ខាកាមសុទ្ធតែបាន ចុះកម្មសិក្សានៅតាមគ្រឹះស្ថានឯកជននានាដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួនយ៉ាងពិតប្រាកដ។ សូមបញ្ជាក់ថា គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៣៥ក្នុងចំណោមគ្រឹះស្ដាបទាំង៣៧ ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើ្បង្រៀនវេនចន្ទ-សុក្រពេញមួយថ្ងៃ បានផ្តើមការធ្វើតេស្តបញ្ជាក់សមត្ថភាពដោយបែងចែកជា៣លើក។ ក្នុងនោះគ្រឹះស្ថានចំនួន១៤ ដែលរួមមានវិទ្យាស្ថានទាំង៤នៅរាជធានីភ្នំពេញ បានផ្តើមធ្វើតេស្តមុនគេនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។ ដោយឡែកគ្រឹះស្ថានចំនួន១១ផ្សេងទៀត នឹងធ្វើតេស្តនៅថ្ងៃទី២០ ខែឧសភា ខណៈដែលគ្រឹះស្ថានចំនួន១០ដទៃទៀត នឹងធ្វើតេស្តនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីឱ្យយុវជនក្រុមគោលដៅ ឆាប់ទទួលបានឱកាសការងារសមរម្យក្នុងរយៈពេលខ្លីក្នុងទិសដៅកែប្រែនិងលើកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរតាមរយៈយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតដែលមានភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធគម្រោង «ព្រែកជីកហ្វូណនតេជោ»
ថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសស្តីពី "ព្រែកជីកហ្វូណនតេជោ"។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។សម្ដេចបានមានប្រសាសន៍បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិត​ផ្ដួចផ្ដើម​តែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិត​ផ្ដួចផ្ដើម​របស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។ សម្ដេចតេជោបានបញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។ ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។ សម្ដេចតេជោជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភ​លើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។សម្ដេចបានរម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា៕

ថែសុខភាព! ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែឧសភា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មក​លើ​ឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន កំពង់ស្ពឺ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។  ក្នុងឱកាសនោះដែរ អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូតរបស់ ឯកឧត្តម Patrick Murphy។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ឯកឧត្តម Patrick Murphy បានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូត ដ៏យូរលង់ជាង៧ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម «ក្នុងនាមជាអ្នកការទូត គួរជាទីគោរព ប្រកបដោយចំណេះដឹង និងបទពិសោធជ្រៅជ្រះអំពីតំបន់អាស៊ី ប៉ាស៊ីហ្វិក»។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ ចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពា រសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។ ឯកឧត្តម Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោ យតម្លាភាព។ ឯកឧត្តម ក៏បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់ នាពេលខាងមុខ ទៀត។ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។ ភាគីទាំងពីរ ក៏បានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

រង់ចាំអីទៀតចូលរួមផ្សងសំណាង ដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីនំស្រួយ ណាបាទី!
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ ផលិតផលនំស្រួយ ណាបាទី ជានំស្រួយ ដែលមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយវីតាមីន និងជាទីពេញនិយមសម្រាប់ មនុស្សគ្រប់វ័យ ជាពិសេស គឺកុមារ។ ក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) បានផ្ដល់នូវឱកាសឈ្នះមហារង្វាន់ដ៏ពិសេស ពីនំស្រួយ ណាបាទី យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូហុងដាឌ្រីម ២០២៤ កង់អគ្គិសនី មាសសុទ្ធ១ជី ទូរស័ព្ទដៃ កង្ហា កាបូបស្ពាយ និងរង្វាន់នំស្រួយ ណាបាទី ជាច្រើនរង្វាន់ទៀត ជូនដល់អតិថិជនរបស់ខ្លួន។ -លក្ខខណ្ឌចូលរួមផ្សងសំណាងងាយៗ ក្នុងឱកាសឈ្នះមហារង្វាន់ ពីនំស្រួយ ណាបាទី អតិថិជនគ្រាន់តែ សរសេរឈ្មោះ, លេខអត្តសញ្ញាណប័ណ្ណ, អាសយដ្ឋានបច្ចុប្បន្ន និង លេខទូរស័ព្ទ កឹបភ្ជាប់ជាមួយនឹងសម្បកកញ្ចប់នំស្រួយណាបាទី (រសជាតិមួយណាក៏បាន) រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត។ កម្មវិធីចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់១ខែម្ដង។-អ្នកឈ្នះរង្វាន់ នឹងប្រកាសនៅក្នុង ហ្វេសប៊ុកផេកផ្លូវការ (Nabati Cambodia) និងតាមបណ្ដា ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា។ អ្នកឈ្នះរង្វាន់ត្រូវអញ្ជើញមកទទួលរង្វាន់នៅក្រុមហ៊ុន ឬ តំណាងចែកចាយដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត។ ប្រសិនបើរាល់ការទាក់ទងទៅអ្នកឈ្នះរង្វាន់ពុំមានការឆ្លើយតប ចំនួន៣ថ្ងៃ ក្រុមហ៊ុននឹងធ្វើការផ្ទេររង្វាន់ទៅអ្នកឈ្នះបន្ទាប់។-លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។​លេខទូរស័ព្ទទំនាក់ទំនង 098 777 271។នំស្រួយណាបាទី ជាផលិតផលមានគុណភាពខ្ពស់មកពីប្រទេសឥណ្ឌូនេស៊ី ត្រូវបានចែកចាយនៅលើទីផ្សារអន្ដរជាតិជាង ៦០ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ និងត្រូវបានចែកចាយក្នុង ប្រទេសកម្ពុជា ដោយក្រុមហ៊ុន ណាប៉ាទិ ហ្វូដ (ខេមបូឌា) ឯ.ក ក្នុងឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន៕

សេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

អាមេរិក គ្រោងកាត់ទោសក្រុមហ៊ុន Boeing ក្រោយយន្តហោះខ្លួនមានបញ្ហា២លើក សម្លាប់មនុស្សជិត៤០០នាក់!
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃអង្គារ ទី១៤ ខែឧសភា បាននិយាយថា ក្រុមហ៊ុន Boeing អាចត្រូវបានកាត់ទោសចំពោះការធ្លាក់យន្តហោះ 737 Max ចំនួនពីរលើកជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្ស 346 នាក់ ប្រហែលប្រាំឆ្នាំមុន។ មន្ត្រីនាយកដ្ឋានបាននិយាយនៅក្នុងលិខិតមួយ ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ថា ក្រុមហ៊ុន Boeing បានបំពានកាតព្វកិច្ច ក្រោមកិច្ចព្រមព្រៀង ដែលបានការពារវាប្រឆាំងនឹងដំណើរការផ្លូវច្បាប់សម្រាប់គ្រោះថ្នាក់នេះ។ ក្រុមហ៊ុន Boeing បានប្រាប់ AFP ថា "យើងជឿថា យើងបានគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ" ហើយបាននិយាយថា ខ្លួនមានផែនការការពារខ្លួន។ មន្ត្រីអាមេរិកបាននិយាយនៅក្នុងលិខិតរបស់ពួកគេថា ក្រុមហ៊ុន Boeing បានបំពានកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងកាត់ទោសពន្យាពេល (DFA) ដោយ "បរាជ័យក្នុងការរចនា អនុវត្ត និងអនុវត្តកម្មវិធីអនុលោមភាព និងក្រមសីលធម៌ដើម្បីការពារ និងរកឃើញការរំលោភច្បាប់ក្លែងបន្លំរបស់សហរដ្ឋអាមេរិកពេញមួយប្រតិបត្តិការរបស់ខ្លួន" ។ការបំពានបែបនេះនឹងមានន័យថាក្រុមហ៊ុន Boeing អាចត្រូវបានកាត់ទោសចំពោះការរំលោភលើច្បាប់ សហព័ន្ធដែលទាក់ទងនឹងការធ្លាក់យន្តហោះ នេះបើយោងតាមមន្ត្រីយុត្តិធម៌សហរដ្ឋអាមេរិក។រដ្ឋាភិបាលកំពុងវាយតម្លៃពីរបៀបបន្តក្នុងបញ្ហានេះ ហើយបានបញ្ជាឱ្យក្រុមហ៊ុន Boeing ឆ្លើយតបនៅថ្ងៃទី ១៣ ខែមិថុនា។ មន្ត្រីអាមេរិកក៏មានគម្រោងជួបជាមួយក្រុមគ្រួសារនៃអ្នកស្លាប់ ក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះ Lion Air Flight 610 និង Ethiopian Airlines Flight 302។ មេធាវី Paul Cassell ដែលតំណាងឱ្យគ្រួសារជនរងគ្រោះធ្លាក់យន្តហោះបាននិយាយថា "នេះគឺជាជំហានដំបូងវិជ្ជមាន ហើយសម្រាប់ក្រុមគ្រួសារ នឹងមានរយៈពេលយូរ" ។ Cassell បានអំពាវនាវឱ្យមានចំណាត់ ការបន្ថែមទៀតពីនាយកដ្ឋានយុត្តិធម៌ ហើយបានបន្ថែមថាគាត់នឹងស្វែងរកព័ត៌មានលម្អិតទាក់ទងនឹង "ដំណោះស្រាយដែលពេញចិត្ត" ចំពោះកំហុសរបស់ក្រុមហ៊ុន Boeing ។សូមរំលឹកផងដែរថា កាលពីខែមីនា ឆ្នាំ 2019 យន្តហោះ Boeing 737 MAX 8 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់នៅភាគអាគ្នេយ៍នៃទីក្រុង Addis Ababa ដោយបានសម្លាប់មនុស្ស 157 នាក់នៅលើយន្តហោះ។វាជាឧបទ្ទវហេតុលើកទីពីរក្នុងរយៈពេល 5 ខែសម្រាប់យន្តហោះ 737 MAX ដែលជាខ្សែផលិតផលដែលចង់ជំនួសយន្តហោះ 737 NG ។ការធ្លាក់លើកទីមួយ ពាក់ព័ន្ធនឹងយន្តហោះ MAX 8 ដែលដំណើរការដោយក្រុមហ៊ុន Lion Air បានកើតឡើងនៅក្នុងខែតុលាឆ្នាំមុន នៅសមុទ្រ Java របស់ប្រទេសឥណ្ឌូនេស៊ី ហើយបានបណ្តាលឱ្យមនុស្ស 189 នាក់បានស្លាប់។ យន្តហោះទាំងពីរបានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើង ជាមួយនឹងការស៊ើបអង្កេតក្រោយមកបានចង្អុលបង្ហាញ ពីបញ្ហាជាមួយនឹងប្រព័ន្ធហោះហើរស្វ័យប្រវត្តិ។ យន្តហោះនេះត្រូវបានចុះចតជាបណ្តោះអាសន្ន ឬហាមឃាត់ពីដែនអាកាសជុំវិញពិភពលោក។Boeing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ AFP ថា "យើងនឹងចូលរួម ជាមួយនាយកដ្ឋានជាមួយនឹងតម្លាភាពបំផុត ដូចដែលយើងមានពេញមួយអាណត្តិនៃកិច្ចព្រមព្រៀង" ។ វាបាននិយាយថានេះក៏រួមបញ្ចូលទាំង "ការឆ្លើយតបទៅនឹងសំណួររបស់ពួកគេបន្ទាប់ពីគ្រោះថ្នាក់ Alaska Airlines 1282" ។ ការផ្ទុះឆេះកណ្តាលជើងហោះហើរយ៉ាងខ្លាំងនៅថ្ងៃទី 5 ខែមករា នៃបន្ទះតួនៅលើ យន្តហោះ Alaska Airlines បានធ្វើឱ្យមានការចាកចេញរបស់មន្ត្រីកំពូលៗជាច្រើនរូបរបស់ Boeing រួមទាំងនាយកប្រតិបត្តិ Dave Calhoun ដែលគ្រោងនឹងចុះចេញពីដំណែងនៅចុងឆ្នាំ៕

ប៊ូសស្រ្តង ឧបត្ថម្ភប្រាក់រង្វាន់ ១លានរៀលបន្ថែម ដល់ម្ចាស់ឡានទី១ ពេជ្រ សម្បត្តិ ក្រោយឈ្នះជើងខ្លាំងចិន
ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរ ឧបត្ថម្ភប្រាក់លើកទឹកចិត្តបន្ថែមដល់ម្ចាស់ឡានប៊ូសស្រ្តងទី១ គឺកីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ចំនួន ១លានរៀល ក្រោយប្រកួត Kick Boxing ឈ្នះជើងខ្លាំងចិន ឈ្មោះ វ៉ាង ស៊ុនយ៉ាង ដោយពិន្ទុ នៅក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER កាលពីយប់មិញនេះ។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនធំដំបូងគេបង្អស់ ចិត្តល្អ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដាក់ឡានសរុប៤គ្រឿងហើយ ដែលឱ្យកីឡាករគុនខ្មែរប្រកួតដណ្ដើមយកមិនធ្លាប់មានពីមុន “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ហើយកីឡាករគុនខ្មែរ ពេជ្រ សម្បតិ្ត ជាអ្នកខ្លាំងគុនខ្មែរទី១ ដែលទទួលបានឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង។ ដូច្នេះរាល់ពេលម្ចាស់ឡានប៊ូសស្រ្តងប្រកួតទទួលបានជ័យជម្នះ ប៊ូសស្រ្តងតែងតែចូលរួមអបអរ និងបន្តជួយជ្រោមជ្រែងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីល្បាញពាសពេញពិភពលោក។ ប៊ូសស្រ្តងជួយគុនខ្មែរ! ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!  

បណ្តាញសង្គម